គួរឲ្យសរសើរក្រៃលែង! យុវសិស្សកំព្រាឪពុកតស៊ូរៀនឡើងល្បីដល់ម៉ាឡេស៊ី
" ជីវិតត្រូវមានការតស៊ូនិងខិតខំប្រឹងប្រែងធ្វើឲ្យអស់ពីសមត្ថភាពដោយមិនគិតពីការនិយាយរបស់អ្នកដទៃ" ប្រយោគមួយឃ្លានេះជំរុញឲ្យនិស្សិតម្នាក់មានជីវិតតស៊ូល្បីល្បាញដល់ប្រទេសម៉ាឡេស៊ីដែលពិតជាមោទនភាពគួរឲ្យសរសើរពន់ពេករហូតដល់រញ្ជួយទៅដល់ក្រុមហ៊ុន MUHIBBAH
ENGINEERING (M) BHD សម្រេចផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត រួមទាំងអនុញ្ញាតឲ្យចុះកម្មសិក្សានៅក្រុមហ៊ុនMUHIBBAH
STEEL INDUSTIES SDN BHD កាលពីខែមិនាកន្លងទៅ និងលើសពីនេះទស្សនាវដ្ដីក្រៅស្រុកមួយទ្រាំមិនបានក៏មកសាកសួរសម្ភាសដារ៉ូទាក់ទងនឹងការសិក្សាទៀតផង។
យុវសិស្សនេះមានឈ្មោះថា ឈាន់ដារ៉ូ អាយុ២១ឆ្នាំជាកូនកំព្រាឪពុកតាំងពីអាយុ១៦ឆ្នាំ រៀនជំនាញវិស្វកម្មសំណង់ស៊ីវិលនៃ Universiti Teknologi Petronas ក្នុងប្រទេសម៉ាឡេស៊ី ។ លោកបាននិយាយថា៖ " តាមពិតទៅខ្ញុំមិនមែនជាសិស្សពូកែអីទេគ្រាន់តែខ្ញុំប្រឹងរៀនឲ្យអស់ពីសមត្ថភាពប៉ុណ្ណោះ ហើយខិតខំធ្វើអំពើល្អដូចពាក្យគេថាធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់"។
ចេះតែឆ្ងល់នេះឆ្ងល់នោះរហូតកំណត់គោលដៅជីវិតខ្លួនឯង
អាយុត្រឹមតែ១០ឆ្នាំនូវជាក្មេងនៅឡើយ តែពេលនោះដារ៉ូបែរជាកំណត់គោលដៅជីវិតរបស់ខ្លួនទៅវិញ។ ល្ងាចមួយលើគ្រែរនាបឫស្សីក្រោមផ្ទះជាមួយបងប្រុស ដារ៉ូឆ្ងល់ថាធ្វើម៉េចទើបអាចរកស៊ីមានបាន មានទ្រព្យសម្បត្តិអាចរស់នៅចុះសម្រុងក្នុងសង្គម និងមានម្ហូបឆ្ងាញ់ញ៉ាំដូចគេ? ឈាន់
រដ្ឋាត្រូវជាបងប្រុសដារ៉ូប្រាប់ថា មានតែការខិតខំរៀនពីតូចទេ ទើបអាចសម្រេចបំណងប្រាថ្នាបាន ពេលវេលាមិនអាចត្រលប់ថយក្រោយបានឡើយ។ ដារ៉ូឆ្ងល់ទៀតថា ការទំនាក់ទំនងជាមួយមិត្តនិងគ្រូជាគន្លឹះសំខាន់ក្នុងការសិក្សាដែរទេ?
គាត់ថា គ្មានមិត្តប្រៀបដូចជីវិតគ្មានន័យ។
ចាប់ពីពេលនោះមកកុមារម្នាក់នេះសម្រេចយកការសិក្សាជាធំ ដោយរៀនអង់គ្លេសក្នុងមួយថ្ងៃ៥ម៉ោង ស្ដាប់ព័ត៌មានអង់គ្លេស និងទិញកាសែតភាសាអង់គ្លេសដើម្បីបង្កើនចំណេះដឹង។ ដារ៉ូប្រាប់ថា៖ " កាលនោះខ្ញុំនៅតូចណាស់តែចូលចិត្តមើលរឿងហុងកុង សិង្ហបុរីដែលជារឿងអប់រំឲ្យក្លាយជាមនុស្សជោគជ័យក្នុងសង្គម។ ម៉្យាងទៀតនៅខេត្តកំពង់ចាមមានសាងសង់ស្ពានល្បីមួយឈ្មោះ KIZUNA ហើយខ្ញុំសួរខ្លួនឯងថាតើស្ពាននេះត្រូវបានគេសាងសង់យ៉ាងដូចម្ដេចទៅ?
ដើម្បីស្រាយចម្ងល់នេះ ខ្ញុំចូលចិត្តរៀនគណិតនិងរូប "។
ឈានជំហានទីមួយក្នុងការសម្រេចគោលបំណង
ដោយសារតែជីវភាពមិនធូរធារ ដារ៉ូទៅបង្រៀនភាសាអង់គ្លេសដល់ក្មេងនៅជិតផ្ទះដើម្បីមានប្រាក់ទិញសៀវភៅរៀន។ ក្រោយមក មិត្តភ័ក្ដិនិងអ្នកធ្វើការឯទៀតមករៀនដែរដោយម្នាក់៣០$សម្រាប់ក្នុងមួយខែ។ បន្ទាប់មក ដារ៉ូចាប់ផ្ដើមត្រៀមខ្លួនប្រលងសិស្សពូកែផ្នែករូបវិទ្យារហូតបានប្រលងជាប់ទូទាំងខេត្តកំពង់ចាមពេលរៀនថ្នាក់ទី៩នៃវិទ្យាល័យព្រះសីហនុ។ លើសពីនេះ ដារ៉ូចូលរួមការងារសង្គមតាមរយៈការស្ម័គ្រចិត្ត និងបានយល់ច្រើនពីប្រជាធិបតេយ្យ និងយុវជនទៀតផង។
ថែមមួយទៀតផ្លោះទៅដល់បរទេស
នៅថ្នាក់ទី១២ ដារ៉ូប្រលងជាប់សិស្សពូកែថ្នាក់ខេត្តម្ដងទៀត និងព្រមទាំងទទួលអាហារូបករណ៍ពីរកន្លែងបន្ទាប់ពីការប្រលងបាក់ឌុបសម្រាប់សិក្សានៅសាកលវិទ្យាល័យមេគង្គកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ប៉ុន្តែដោយស្រលាញ់ជំនាញនៅសាលាតិចណូ
លោកក៏ទៅរៀនទីនោះដោយបង់ប្រាក់។ សិក្សាមួយឆ្នាំនៅសាលានេះជាមួយGPA
3.0
លោកចង់ស្វែងរកអាហារូបករណ៍ទៅសិក្សានៅបរទេសដែលប្រើប្រាស់ភាសាអង់គ្លេសដោយសារនៅសាលាតិចណូភាសាបារាំងជាអាវុធដ៏លំបាកក្នុងការសិក្សា។ ទីបំផុតថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០១១ ដារ៉ូទទួលបានអាហារូបករណ៍ពីក្រុមហ៊ុន Muhibbah-UTP prestigious Scholarship ទៅសិក្សាប្រទេសម៉ាឡេស៊ី ជំនាញCivil engineering។
ដារ៉ូនិយាយបន្ថែម៖ " ខ្ញុំត្រូវបំពេញform
ដោយភ្ជាប់មកនូវrecommendation ពីគ្រូ លិខិតផ្សេងៗដែលបញ្ជាក់ពីសមិទ្ធផលកន្លងមក transcriptពីសាកលវិទ្យាល័យ។ ចំណុចសំខាន់នៃអាហារូបករណ៍នេះគឺបេក្ខជនត្រូវមានសកម្មភាពទាក់ទងនឹងសង្គម កីឡា ឬclub Activitiesហើយខ្ញុំធ្លាប់បានចូលរួមជាមួយYCC
( Youth Council of Cambodia) ជួយកុមារកំព្រាកាលពីរៀននៅវិទ្យាល័យ ។ គ្រប់ឯកសារត្រូវបកប្រែជាភាសាអង់គ្លេស ហើយខ្ញុំជាអ្នកបកដោយខ្លួនឯង។
ក្រោយមកក្រុមហ៊ុនបានcall
ខ្ញុំទៅសម្ភាសប្រមាណ៣០នាទីអំពីការសិក្សា និងForm
ដែលបានផ្ញើទៅ។ មិនយូរប៉ុន្មាន ក្រុមហ៊ុននោះcallមកខ្ញុំម្ដងទៀតឲ្យទៅសម្ភាសតែលទ្ធផលគឺត្រូវបានប្រាប់ភ្លាមៗតែម្ដងដែលមានតែពីរនាក់ប៉ុណ្ណោះជាប់ " ។
ទៅដល់ម៉ាឡេស៊ីហើយ នៅឆ្លៀតល្បីទៀត
ដារ៉ូថា៖ " ពេលទៅសិក្សានៅម៉ាឡេស៊ី ដំបូងៗខ្ញុំរៀនតែឯងពុំហ៊ានជជែកនឹងសិស្សដទៃឡើយ។ ថ្នាក់រៀនខ្ញុំមាននិស្សិតមកពី៣៣ប្រទេសផ្សេងគ្នាជុំវិញពិភពលោក។ ក្រោយរៀនបានកន្លះឆមាស ពេលធ្វើការងារសាលាជាក្រុមជាមួយជនជាតិម៉ាឡេស៊ីនិងចិន ពួកគេមិនទាន់ជឿលើសមត្ថភាពខ្ញុំទេ។ ដោយសារកិច្ចការខ្ញុំត្រូវបានសរសើរដោយគ្រូ ចាប់តាំងពីពេលនោះមកពួកគេចាប់ផ្ដើមជឿលើខ្ញុំ" ។
ទោះជាយ៉ាងណា ដារ៉ូក៏ជួបបញ្ហាលំបាកខ្លះដែរដូចជាភាសា ម្ហូបអាហារ និងវប្បធម៌។ ដំបូងឡើយលោកគិតថាភាសាអង់គ្លេសលោកអាចប្រើការបាន ប៉ុន្តែរៀនបានមួយឆមាសដារ៉ូគិតថានៅកម្រិតទាបនៅឡើយ។ ហេតុនេះនិស្សិតនេះប្រឹងរៀនខ្លួនឯងបន្ថែម ឧស្សាហ៍សួរគ្រូជាប្រចាំ ទៅបណ្ណាល័យរាល់ថ្ងៃនិងអនុវត្តលំហាត់មុនប្រលងរហូតទទួលបាន First class ( GPA> 3.75 )។ ឃើញដូចនេះក្រុមហ៊ុនដែលផ្ដល់អាហារូបករណ៍ដល់លោកក៏ផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត រួមទាំងអនុញ្ញាតឲ្យចុះកម្មសិក្សានៅក្រុមហ៊ុនMuhibbah Steel Industries (M) Bhd លើសពីនេះទស្សនាវដ្ដីក្រៅស្រុកមកសម្ភាសដារ៉ូទាក់ទងនឹងការសិក្សាទៀតផង។
រៀនពីបទពិសោធន៍
ទំនាក់ទំនងនិងការសិក្សាពិតជាសំខាន់ណាស់ ការងារខ្លះមិនអាចធ្វើតែឯងបានទេ ដូច្នេះដារ៉ូចាប់ផ្ដើមហ៊ានទំនាក់ទំនងជាមួយអ្នកដទៃ ទៅហូបអាហារជាមួយគ្នាជាដើម។ ដារ៉ូបន្តថា៖" បទពិសោធន៍សប្បាយនៅសាលានេះគឺមានសកម្មភាពកីឡា,
Public speaking, Research papers, Home
staysដែលត្រូវទៅរស់នៅជាមួយប្រជាជននៅជនបទធ្វើឲ្យខ្ញុំមានអារម្មណ៍ប្លែកដូចជារស់នៅជាមួយលោកយាយនៅស្រុកកំណើតខ្ញុំដែរ។ អាហារបែបប្រពៃណីដែលកើតចេញពីការស្រលាញ់ បន្លែបេះពីក្រោយផ្ទះរួមផ្សំនឹងរូបមន្តប្រចាំត្រកូលរបស់គាត់ធ្វើឲ្យខ្ញុំកក់ក្ដៅនឹងទទួលទានណាស់" ។
ដារ៉ូបញ្ជាក់ទៀតថា៖ " ការសិក្សាគ្រាន់ជាស្ពានឲ្យយើងអាចរកការងារល្អបានតែប៉ុណ្ណោះ អ្វីដែលសំខាន់គឺការចេះរស់នៅទំនាក់ទំនងព្រោះថ្ងៃអនាគតយើងមិនដឹងថាត្រូវធ្វើការជាមួយអ្នកណាខ្លះទេ វាជាចំណុចស្នូលឲ្យការងារសម្រេចដូចការគ្រោងទុក"។
ជាចុងក្រោយ លោកឈាន់ ដារ៉ូសូមអរគុណដល់អ្នកម្ដាយជាទីស្រលាញ់ ព្រមទាំងបងរបស់លោកទាំងអស់ដែលតែងទំនុកបម្រុង ព្រមទាំងលោកគ្រូអ្នកគ្រូ និងក្រុមហ៊ុនដែលបានផ្ដល់អាហារូបករណ៍ដល់រូបលោកផងដែរ។