Friday, September 4, 2015

គួរ​ឲ្យ​សរសើរ​ក្រៃ​លែង! យុវសិស្ស​កំព្រា​ឪពុក​តស៊ូ​រៀន​ឡើង​ល្បី​ដល់​ម៉ាឡេស៊ី


គួរ​ឲ្យ​សរសើរ​ក្រៃ​លែង! យុវសិស្ស​កំព្រា​ឪពុក​តស៊ូ​រៀន​ឡើង​ល្បី​ដល់​ម៉ាឡេស៊ី

 

​" ជីវិត​ត្រូវ​មាន​ការ​តស៊ូ​និង​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ដោយ​មិន​គិត​ពី​ការ​និយាយ​របស់​អ្នក​ដទៃ" ​​​​​​ប្រយោគ​មួយ​ឃ្លា​នេះ​​​​ជំរុញ​ឲ្យ​និស្សិត​​ម្នាក់​មាន​ជីវិត​តស៊ូ​ល្បី​ល្បាញ​ដល់​ប្រទេស​ម៉ាឡេស៊ី​ដែល​ពិត​ជា​មោទនភាព​គួរ​ឲ្យ​សរសើរ​​ពន់​ពេក​រហូត​ដល់​រញ្ជួយ​ទៅ​ដល់​​ក្រុម​ហ៊ុន MUHIBBAH ENGINEERING (M) BHD សម្រេច​ផ្ដល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ រួម​ទាំង​អនុញ្ញាត​ឲ្យ​​ចុះ​កម្ម​សិក្សា​នៅ​ក្រុមហ៊ុនMUHIBBAH STEEL INDUSTIES SDN BHD​ កាល​ពី​ខែ​មិនា​កន្លង​ទៅ និង​លើស​ពី​នេះ​ទស្សនាវដ្ដី​ក្រៅ​ស្រុក​មួយ​ទ្រាំ​មិន​បាន​ក៏​មក​សាកសួរ​សម្ភាស​ដា​រ៉ូ​ទាក់​ទង​នឹង​ការ​សិក្សា​ទៀត​ផង។​

 

​យុវសិស្ស​នេះ​មាន​ឈ្មោះ​ថា ឈាន់​ដា​រ៉ូ អាយុ​២១​ឆ្នាំ​ជា​កូន​​កំ​ព្រា​ឪពុក​តាំង​ពី​អាយុ​១៦​ឆ្នាំ រៀន​ជំនាញ​វិស្វកម្ម​សំណង់​ស៊ីវិល​នៃ Universiti Teknologi Petronas ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ។ លោក​បាន​និយាយ​ថា៖ " តាម​ពិត​ទៅ​ខ្ញុំ​មិន​មែន​ជា​សិស្ស​ពូកែ​អី​ទេ​គ្រាន់​តែ​ខ្ញុំ​ប្រឹង​រៀន​ឲ្យ​អស់​ពី​សមត្ថភាព​ប៉ុណ្ណោះ ហើយ​ខិត​ខំ​ធ្វើ​អំពើ​ល្អ​ដូច​ពាក្យ​គេ​ថា​ធ្វើ​ល្អ​បាន​ល្អ ធ្វើ​អាក្រក់​បាន​អាក្រក់"។​​​​​

 

ចេះ​តែ​ឆ្ងល់​នេះ​ឆ្ងល់​នោះ​រហូត​កំណត់​គោល​ដៅ​ជីវិត​ខ្លួន​ឯង​​

អាយុ​ត្រឹម​តែ​១០​ឆ្នាំ​នូវ​ជា​ក្មេង​នៅ​ឡើយ ​តែ​ពេល​នោះ​ដា​រ៉ូ​បែរ​ជា​កំណត់​គោល​ដៅ​ជីវិត​របស់​ខ្លួន​​​ទៅ​វិញ។ ល្ងាច​មួយ​លើ​គ្រែ​រនាប​ឫស្សី​​ក្រោម​ផ្ទះ​ជាមួយ​បង​ប្រុស​ ដា​រ៉ូ​ឆ្ងល់​ថា​ធ្វើ​ម៉េច​ទើប​អាច​រក​ស៊ី​មាន​បាន មាន​ទ្រព្យ​សម្បត្តិ​អាច​រស់​នៅ​ចុះ​សម្រុង​ក្នុង​សង្គម​ និង​មាន​ម្ហូប​ឆ្ងាញ់​ញ៉ាំ​ដូច​គេ​? ​ឈាន់ រដ្ឋា​ត្រូវ​ជា​បង​ប្រុស​ដា​រ៉ូ​ប្រាប់​ថា មាន​តែ​ការ​ខិត​ខំ​រៀន​ពី​តូច​ទេ​​ ទើប​អាច​សម្រេច​បំណង​ប្រាថ្នា​បាន ពេល​វេលា​មិន​អាច​ត្រលប់​ថយ​ក្រោយ​បាន​ឡើយ​។ ដា​រ៉ូ​ឆ្ងល់​ទៀត​ថា ការ​ទំនាក់​ទំនង​ជាមួយ​មិត្ត​និង​គ្រូ​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​សិក្សា​ដែរ​ទេ?​ គាត់​ថា​ គ្មាន​មិត្ត​ប្រៀប​ដូច​ជីវិត​គ្មាន​ន័យ​។

 

​​​ចាប់​ពី​ពេល​នោះ​មក​កុមារ​ម្នាក់​នេះ​​សម្រេច​យក​ការ​សិក្សា​ជា​ធំ ដោយ​រៀន​អង់គ្លេស​ក្នុង​មួយ​ថ្ងៃ​៥​ម៉ោង ស្ដាប់​ព័ត៌មាន​អង់គ្លេស និង​ទិញ​កាសែត​ភាសា​អង់គ្លេស​ដើម្បី​បង្កើន​ចំណេះ​ដឹង។ ដា​រ៉ូ​ប្រាប់​ថា៖ " កាល​​នោះ​ខ្ញុំ​នៅ​តូច​ណាស់​តែ​ចូល​ចិត្ត​មើល​រឿង​ហុង​កុង​ សិង្ហបុរី​ដែល​ជា​រឿង​អប់​រំ​ឲ្យ​ក្លាយ​ជា​មនុស្ស​ជោគជ័យ​ក្នុង​សង្គម។ ម៉្យាង​ទៀត​​នៅ​ខេត្ត​កំពង់​ចាម​មាន​សាង​សង់​ស្ពាន​ល្បី​មួយ​ឈ្មោះ​​ KIZUNA ហើយ​ខ្ញុំ​សួរ​ខ្លួន​ឯង​ថា​តើ​ស្ពាន​នេះ​ត្រូវ​បាន​គេ​សាង​សង់​យ៉ាង​ដូច​ម្ដេច​ទៅ?​ ដើម្បី​​ស្រាយ​ចម្ងល់​នេះ​ ខ្ញុំ​ចូល​ចិត្ត​រៀន​គណិត​និង​រូប​​ "។

 

ឈាន​ជំហាន​ទី​មួយ​ក្នុង​ការ​សម្រេច​គោល​បំណង

ដោយសារ​តែ​ជីវភាព​មិន​ធូរធារ​ ដារ៉ូ​ទៅ​បង្រៀន​ភាសា​អង់គ្លេស​ដល់​ក្មេង​នៅ​ជិត​ផ្ទះ​ដើម្បី​មាន​ប្រាក់​ទិញ​សៀវភៅ​រៀន។ ក្រោយ​មក មិត្តភ័ក្ដិ​និង​អ្នក​ធ្វើការ​ឯ​ទៀត​មក​រៀន​ដែរ​ដោយ​ម្នាក់​៣០$​សម្រាប់​ក្នុង​មួយ​ខែ។ បន្ទាប់​មក ដារ៉ូ​ចាប់​ផ្ដើម​ត្រៀម​ខ្លួន​ប្រលង​សិស្ស​ពូកែ​ផ្នែក​រូប​វិទ្យា​រហូត​​បាន​ប្រលង​ជាប់​ទូទាំង​ខេត្ត​កំពង់ចាម​ពេល​រៀន​ថ្នាក់​ទី​៩​នៃ​វិទ្យាល័យ​ព្រះ​សី​ហ​នុ​។ លើស​ពី​នេះ ដារ៉ូ​ចូល​រួម​ការងារ​សង្គម​តាម​រយៈ​ការ​ស្ម័គ្រ​ចិត្ត និង​បាន​យល់​ច្រើន​ពី​ប្រជាធិបតេយ្យ និង​យុវជន​ទៀត​ផង​។

 

​ថែម​មួយ​ទៀត​ផ្លោះ​ទៅ​ដល់​បរទេស

​នៅ​ថ្នាក់​ទី​១២ ដា​រ៉ូ​​ប្រលង​ជាប់​សិស្ស​ពូកែ​ថ្នាក់​ខេត្ត​ម្ដង​ទៀត​ និង​ព្រម​ទាំង​ទទួល​អាហារូបករណ៍​ពីរ​កន្លែង​បន្ទាប់​ពី​ការ​ប្រលង​បាក់ឌុប​​សម្រាប់​សិក្សា​នៅ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ប៉ុន្តែ​ដោយ​ស្រលាញ់​ជំនាញ​នៅ​សាលា​តិចណូ​​

លោក​ក៏​ទៅ​រៀន​ទីនោះ​​​ដោយ​បង់​ប្រាក់​។ សិក្សា​មួយ​ឆ្នាំ​នៅ​សាលា​នេះ​ជាមួយGPA 3.0 លោក​ចង់​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ដែល​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​ដោយ​សារ​នៅ​សាលា​តិច​ណូ​​ភាសា​បារាំង​ជា​អាវុធ​ដ៏​លំបាក​ក្នុង​ការ​សិក្សា​។ ទី​បំ​ផុត​ថ្ងៃ​១៩​ ខែ​វិច្ឆិកា ឆ្នាំ២០១១ ដារ៉ូ​ទទួល​បាន​អាហារូបករណ៍​ពី​ក្រុមហ៊ុន Muhibbah-UTP prestigious Scholarship ទៅ​សិក្សា​ប្រទេស​ម៉ាឡេស៊ី ជំនាញ​Civil engineering។ ​

ដារ៉ូ​និយាយ​បន្ថែម៖ "  ខ្ញុំ​ត្រូវ​បំពេញform ដោយ​ភ្ជាប់​មក​នូវ​recommendation ពី​គ្រូ លិខិត​ផ្សេង​ៗ​ដែល​បញ្ជាក់​ពី​សមិទ្ធផល​កន្លង​មក transcriptពី​សាកលវិទ្យាល័យ។ ​ចំណុច​សំខាន់​នៃ​​​អាហារូបករណ៍​នេះ​​គឺ​បេក្ខជន​ត្រូវមាន​សកម្មភាព​ទាក់​ទង​នឹង​សង្គម កីឡា ឬclub Activitiesហើយ​ខ្ញុំ​ធ្លាប់​បាន​ចូល​រួម​ជាមួយYCC ( Youth ​Council of Cambodia) ជួយ​កុមារ​កំព្រា​​កាល​ពី​រៀន​នៅ​វិទ្យាល័យ ។ គ្រប់​ឯកសារ​ត្រូវ​បក​ប្រែ​ជា​ភាសា​អង់គ្លេស​ ហើយ​ខ្ញុំ​ជា​អ្នក​បក​ដោយ​ខ្លួន​ឯង។

ក្រោយ​មក​ក្រុម​ហ៊ុន​បានcall ខ្ញុំ​ទៅ​សម្ភាស​ប្រមាណ​៣០​នាទី​អំ​ពី​ការ​សិក្សា​ និងForm ដែល​បាន​ផ្ញើ​ទៅ​។ ​មិន​យូរ​ប៉ុន្មាន ក្រុម​ហ៊ុន​នោះ​callមក​ខ្ញុំ​ម្ដង​ទៀត​ឲ្យ​ទៅ​សម្ភាស​តែ​លទ្ធផល​គឺ​ត្រូវ​បាន​ប្រាប់​ភ្លាម​ៗ​តែ​ម្ដង​ដែល​មាន​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ជាប់ " ។

 
ទៅ​​ដល់​ម៉ាឡេស៊ី​ហើយ នៅ​ឆ្លៀត​ល្បី​ទៀត​

ដា​រ៉ូ​ថា៖ " ពេល​ទៅ​សិក្សា​នៅ​ម៉ាឡេស៊ី ដំបូង​ៗ​ខ្ញុំ​រៀន​តែ​ឯង​ពុំ​ហ៊ាន​ជជែក​នឹង​សិស្ស​ដទៃ​ឡើយ​។ ថ្នាក់​រៀន​ខ្ញុំ​មាន​​និស្សិត​មក​ពី​៣៣​ប្រទេស​ផ្សេង​គ្នា​ជុំវិញ​ពិភពលោក។​ ក្រោយ​រៀន​បាន​កន្លះ​ឆមាស​ ​ពេល​ធ្វើ​ការងារ​សាលា​ជា​ក្រុម​ជាមួយ​ជនជាតិ​ម៉ាឡេស៊ី​និង​ចិន ពួក​គេ​មិន​ទាន់​ជឿ​លើ​សមត្ថភាព​ខ្ញុំ​ទេ។ ដោយ​សារ​​កិច្ចការ​ខ្ញុំ​ត្រូវ​បាន​សរសើរ​ដោយ​គ្រូ ចាប់​តាំង​​ពី​ពេល​នោះ​មក​ពួក​គេ​ចាប់​ផ្ដើម​ជឿ​លើ​ខ្ញុំ" ។ ​

ទោះ​ជា​យ៉ាង​ណា ដា​រ៉ូ​ក៏​ជួប​បញ្ហា​លំបាក​ខ្លះ​ដែរ​ដូច​ជា​ភាសា ម្ហូប​អាហារ និង​វប្បធម៌។ ដំបូង​ឡើយ​លោក​​គិត​ថា​​ភាសា​អង់គ្លេស​​លោក​អាច​ប្រើ​ការ​បាន ប៉ុន្តែ​រៀន​បាន​មួយ​ឆមាស​ដា​រ៉ូ​គិត​ថា​នៅ​កម្រិត​ទាប​នៅ​ឡើយ​។​ ហេតុ​នេះ​និស្សិត​នេះ​ប្រឹង​រៀន​ខ្លួន​ឯង​បន្ថែម ឧស្សាហ៍​សួរ​គ្រូ​ជា​ប្រចាំ ទៅ​បណ្ណាល័យ​រាល់​ថ្ងៃ​និង​អនុវត្ត​លំហាត់​មុន​ប្រលង​រហូត​​ទទួល​បាន First class ( GPA> 3.75 )។ ឃើញ​ដូច​នេះ​ក្រុម​ហ៊ុន​ដែល​ផ្ដល់​អាហារូបករណ៍​ដល់​លោក​ក៏​ផ្ដល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ រួម​ទាំង​អនុញ្ញាត​ឲ្យ​​ចុះ​កម្ម​សិក្សា​នៅ​ក្រុមហ៊ុនMuhibbah Steel Industries (M) Bhd​  លើស​ពី​នេះ​ទស្សនាវដ្ដី​ក្រៅ​ស្រុក​មក​សម្ភាស​ដារ៉ូ​ទាក់​ទង​នឹង​ការ​សិក្សា​ទៀត​ផង។


រៀន​ពី​បទពិសោធន៍​​​​​​​​​

ទំនាក់​ទំនង​និង​ការ​សិក្សា​ពិត​ជា​សំខាន់​ណាស់ ការងារ​ខ្លះ​​មិន​អាច​ធ្វើ​តែ​ឯង​បាន​ទេ​ ដូច្នេះ​ដា​រ៉ូ​ចាប់​ផ្ដើម​ហ៊ាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ​ ទៅ​ហូប​អាហារ​ជា​មួយ​គ្នា​ជា​ដើម​។ ដា​រ៉ូ​បន្ត​ថា៖​" បទពិសោធន៍​សប្បាយ​នៅ​សាលា​នេះ​គឺ​មាន​សកម្មភាព​កីឡា, Public speaking, Research papers,  Home staysដែល​ត្រូវ​ទៅ​រស់​នៅ​ជាមួយ​ប្រជាជន​នៅ​ជនបទ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ប្លែក​ដូច​ជា​រស់​នៅ​ជាមួយ​លោក​យាយ​នៅ​ស្រុក​កំណើត​ខ្ញុំ​ដែរ។ អាហារ​បែប​ប្រពៃណី​ដែល​កើត​ចេញ​ពី​ការ​ស្រលាញ់  បន្លែ​បេះ​ពី​ក្រោយ​ផ្ទះ​រួម​ផ្សំ​នឹង​រូបមន្ត​ប្រចាំ​ត្រកូល​របស់​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​កក់​ក្ដៅ​នឹង​ទទួល​ទាន​ណាស់​" ។

​​​​​​​​

​ដារ៉ូ​បញ្ជាក់​ទៀត​ថា៖ " ​​​ ការ​សិក្សា​គ្រាន់​ជា​ស្ពាន​ឲ្យ​យើង​អាច​រក​ការងារ​ល្អ​​បានតែ​ប៉ុណ្ណោះ អ្វី​ដែល​សំខាន់​គឺ​ការ​ចេះ​រស់​នៅ​ទំនាក់​ទំនង​ព្រោះ​ថ្ងៃ​អនាគត​យើង​មិន​ដឹង​ថា​​ត្រូវ​ធ្វើ​ការ​ជាមួយ​អ្នក​ណា​ខ្លះ​ទេ​ វា​ជា​ចំណុច​​ស្នូល​ឲ្យ​ការងារ​សម្រេច​ដូច​ការ​គ្រោង​ទុក"​​។


ជា​ចុង​ក្រោយ​ លោក​ឈាន់ ដារ៉ូ​សូម​អរគុណ​ដល់​អ្នក​ម្ដាយ​ជា​ទី​ស្រលាញ់ ព្រម​ទាំង​បង​របស់​លោក​ទាំង​អស់​ដែល​តែង​ទំនុក​បម្រុង​ ព្រម​ទាំង​លោក​គ្រូ​អ្នក​គ្រូ និង​ក្រុម​ហ៊ុន​ដែល​បាន​ផ្ដល់​អាហារូបករណ៍​ដល់​រូប​លោក​ផង​ដែរ​។​​​​​​​​​​

No comments:

Post a Comment